Responsive Ads Here

ads

loading...

Thursday, May 2, 2019

Wing សហការជាមួយ Western Union បើកដំណើរការសេវាផ្ទេរប្រាក់អន្តរជាតិ តាមប្រព័ន្ធឌីជីថល នៅលើទូរសព្ទទៅកាន់ប្រទេសជាង២០០



ភ្នំពេញ៖ សេវាផ្ទេរប្រាក់អន្តរជាតិតាមប្រព័ន្ធឌីជីថលនៅលើទូរសព្ទទូទៅកាន់ប្រទេសជាង២០០ប្រទេស ត្រូវបានដាក់ឲ្យប្រើប្រាស់ជាលើកដំបូង សម្រាប់អតិថិជនជាងមួយលាននាក់របស់ធនាគារឯកទេសវីងនៅកម្ពុជា ដែលកំពុងប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង តាមរយៈកិច្ចសហការរវាងក្រុមហ៊ុន វេស្ទើន យូនៀន និងធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត។

ថ្លែងក្នុងពិធីចាប់ដៃគូសហការគ្នារវាងក្រុមហ៊ុននាំមុខគេ ក្នុងការផ្ទេរប្រាក់ទូទាំងពិភពលោក និងក្រុមហ៊ុនឈានមុខគេផ្នែកសេវាកម្មធនាគារចល័តនៅកម្ពុជា ដែលធ្វើឡើងនៅរោងភាពយន្ត Major Cineplex by Smart ផ្សារទំនើបអ៊ីអនភ្នំពេញ នារសៀលថ្ងៃទី០២ ខែឧសភាម្សិលមិញ លោកស្រី សូហ៊ីនី រ៉ាចូលី អនុប្រធានតំបន់អាស៊ីខាងត្បូង និងឥណ្ឌូចិន នៃ វេស្ទើន យូនៀន បានបញ្ជាក់ថា ការផ្ទេរប្រាក់គឺជាប្រភពប្រាក់ចំណូលដ៏សំខាន់សម្រាប់គ្រួសារជាច្រើន ដែលនេះគឺជាការពិតសម្រាប់គ្រួសារដែលរស់នៅប្រទេសកម្ពុជា និងសម្រាប់ជនអន្តោប្រវេសន៍ ក៏ដូចជាសាច់ញាតិរបស់ពួកគេដែលរស់នៅក្រៅប្រទេស។

លោកស្រីបន្តថា ជាមួយនឹងការកើនឡើងនូវប្រជាប្រិយភាពនៃទូរសព្ទចល័ត និងការប្រើប្រាស់អ៊ិនធើណិត យើងមានការរំភើបរីករាយក្នុងការពង្រីកសេវាកម្មរបស់យើងជាមួយវីង ដើម្បីផ្តល់ជូនអតិថិជននូវជម្រើសក្នុងការផ្ទេរប្រាក់តាមប្រព័ន្ធឌីជីថល ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការផ្ទេរប្រាក់តាមមធ្យោបាយដែលពួកគេចង់បាន និងដើរតួយ៉ាងសំខាន់ក្នុងជីវិតរបស់ពួកគេ និងសេដ្ឋកិច្ចសកលលោក។

ជាមួយគ្នានេះ លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីងមានប្រសាសន៍ថា កាលពីឆ្នាំមុន យើងបានប្រកាសពីកិច្ចសហការរបស់យើងជាមួយ វេស្ទើន យូនៀន រួចមកហើយ ដែលបានអនុញ្ញាតឱ្យអតិថិជននៅក្នុងប្រទេសកម្ពុជា ក្នុងការទទួលប្រាក់តាមរយៈភ្នាក់ងារវីង ដែលមានផ្តល់សេវាកម្មទទួលប្រាក់ដែលផ្ទេរតាម វេស្ទើន យូនៀន ដែលជាផ្នែកមួយនៃយុទ្ធនាការវីងទៅកាន់ពិភពលោក លោកថា សេវាកម្មទទួលប្រាក់ដែលផ្ទេរតាមរយៈ វេស្ទើន យូនៀន មានរហូតដល់១,០០០ភ្នាក់ងារវីងនៅទូទាំងប្រទេស។

លោកបន្ថែមថា នៅក្នុងថ្ងៃនេះ តាមរយៈសេវាកម្មវេស្ទើនយូនៀន នៅលើកម្មវិធីស្មាតហ្វូនវីងរបស់យើង យើងមានសេចក្តីរីករាយក្នុងការនាំយកកិច្ចសហការគ្នាទៅរកកម្រិតមួយទៀត ដែលអាចឲ្យជនអន្តោប្រវេសន៍ អ្នកដែលមិនមានគណនីធនាគារ ឬមិនធ្លាប់ប្រើប្រាស់សេវាកម្មធនាគារ និងពលករបរទេស ដើម្បីងាយស្រួលក្នុងការផ្ទេរប្រាក់ភ្លាមៗ២៤ម៉ោងលើ០៧ថ្ងៃ ទៅកាន់ក្រុមគ្រួសារ និងអ្នកនៅក្នុងបន្ទុកនៅផ្ទះ និងនៅទូទាំងពិភពលោក។

លោកអគ្គនាយកបានបញ្ជាក់ទៀតថា ការប្តេជ្ញាចិត្តរបស់យើងចំពោះអតិថិជន គឺមិនចេះរីងស្ងួតទេ ហើយយើងនឹងមិនឈប់ត្រឹមនេះទេ យើងមានផែនការបន្តពង្រីក និងបង្កើនលទ្ធភាពបន្ថែមទៀត ដើម្បីផ្តល់ជូននូវបទពិសោធន៍បន្ថែមដ៏ងាយស្រួលសម្រាប់អតិថិជន។ ក្រៅពីសេវាកម្មផ្ទេរប្រាក់ក្នុងស្រុក និងអន្តរជាតិ អតិថិជនអាចធ្វើប្រតិបត្តិការផ្សេងៗទៀតនៅលើកម្មវិធីស្មាតហ្វូនវីង ដែលពួកគេអាចដាក់ប្រាក់នៅភ្នាក់ងារវីងជាង៦,000កន្លែង ដើម្បីធ្វើការផ្ទេរប្រាក់ ក្នុងនោះរួមមាន ការបញ្ចូលទឹកប្រាក់ទូរសព្ទ ទូទាត់វិក្កយបត្រ ទូទាត់តាមអ៊ីនធើណិត និងដោយស្កេនកូដ QR និងផ្សេងៗទៀត ៕ Apsara

2 comments:

ads

loading...