ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនឹងបុរសពីរនាក់ទៀត បានបើករថយន្តឡិចស៊ីស RX330 ចេញពីផឹកស៊ី ត្រឡប់ទៅផ្ទះ តែមិនទាន់ដល់ផ្ទះផង ស្រាប់តែជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើមហើយរថយន្តបង្កបានធ្លាក់ចូលប្រឡាយទឹកស្អុយ សំណាងដែរមិនបង្កឲ្យមានអ្នករងរបួស កាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ជិតនិងផ្លូវរថភ្លើង ក្នុងភូមិអូឌឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពពីម្ចាស់រថយន្តបង្កបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់មានគ្នា៣នាក់ បានចេញពីផឹកស៊ីនៅហាងមួយកន្លែងម្តុំស្ទឹងមានជ័យ រួចបើករថយន្តម៉ាកឡិចស៊ីស RX-330 ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ2AW-6780 បំណងត្រឡប់ទៅផ្ទះនៅបូរីពិភពថ្មីកំបូល ដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានគេចពីម៉ូតូមួយគ្រឿងបើកនៅខាងមុខ បណ្តាលឲ្យរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើម ហើយរថយន្តក៏ធ្លាក់ចូលប្រឡាយទឹកស្អុយផងដែរ។ តែអ្នកបើកបរ និងអ្នករួមដំណើរមិនរងរបួសនោះឡើយ។
ក្នុងករណីខាងលើ ក៏មានបុរសពីរនាក់ស្លៀកពាក់ស៊ីវិលសៀតIDនឹងចង្កេះ បានមកធ្វើការចរចាជាមួយម្ចាស់រថយន្តដោយជួយហៅរថយន្តស្ទូចជួយស្ទូចយកទៅផ្ទះឲ្យដោយទារជាលុយចំនួន៣០០ដុល្លារ តែម្ចាស់រថយន្តមិនព្រមធ្វើឲ្យផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន និងអ្នកសារព័ត៌មានចុះមកផ្តិយករូបភាព ស្រាប់តែបុរសទាំងពីរនាក់នោះ បានរករឿងសមត្ថកិច្ច និងអ្នកសារព័ត៌មានមិនថតយករូបភាពថែមទៀត។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះទៅសួរនាំបុរសទាំងពីរនាក់នោះដែរ តែពួកគេមើលសភាពមិនស្រួលបាននាំគ្នាចេញពីកន្លែងកើតបាត់អស់។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕AC
No comments:
Post a Comment